រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និងរាប់បាត្រ ឧទ្ទិសកុសលជូនវីរកងទ័ព និងវីរនគរបាលដែលបានពលីក្នុងសមរភូមិមុខ

 

រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និងរាប់បាត្រឧទ្ទិសកុសលជូនវីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតក្នុងសមរភូមិមុខដើម្បីការពារបូរណភាពទឹកដីក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ នៅបរិវេណវេទិកាបុណ្យអុំទូក ក្នុងក្រុងសំរោង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ។

ការរៀបចំពិធីនេះ មិនត្រឹមតែជាការរំឭកខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការចងចាំមិនភ្លេចនូវពលិកម្មដ៏ធំធេងរបស់វីរជនកងទ័ព និងនគរបាលជាតិ។

ការលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិតរបស់ពួកគាត់ក្នុងសមរភូមិមុខ គឺជាមរតកស្មារតីដ៏ពិសិដ្ឋដែលកូនខ្មែរគ្រប់រូបត្រូវចងចាំ និងរក្សាទុកក្នុងក្រអៅបេះដូងជាអមតៈ។ ឈាម និងញើសរបស់វីរជនទាំងអស់នោះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាការពារសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើង។

គួរបញ្ជាក់ថា សកម្មភាពនេះក៏បានដាស់ស្មារតីឲ្យប្រជាជនខ្មែរគ្រប់រូប ដឹងគុណ នូវពលិកម្មដ៏ធំធេងរបស់វីរជនកងទ័ព និងនគរបាលជាតិ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជាទាំងមូល ជាពិសេស ស្គាល់កាន់តែច្បាស់ពីតម្លៃនៃសន្តិភាព និងចេះស្រឡាញ់ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីការពារជាតិមាតុភូមិ។


ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត ព្រមទាំងបងប្អូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ បានអញ្ជើញចូលរួមករាប់បាត្រប្រគេនព្រះសង្ឃចំនួន ២០៨អង្គ ដើម្បីឧទ្ទិសផលានុសផល និងបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ព និងវីរនគរបាលជាតិ បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here