ខេត្តព្រះសីហនុ៖ បុរសវ័យចំណាស់ម្នាក់ បានបាត់ខ្លួន បន្ទាប់ពីដើរជាន់លើគម្របលូអាងជម្រោះទឹកដែលពុករលួយ បាក់ធ្លាក់ចូលទៅខាងក្រោម កាលពីវេលាម៉ោងប្រមាណ ២ រំលងអាធ្រាត្រ ចូល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ទឹកលេខ១ ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ អាយុប្រហែលជាង ៤០ ឆ្នាំ ដើរចេញពីតំបន់ឆ្នេរសមុទ្រ មកប្រើប្រាស់បន្ទប់ទឹកសាធារណៈ។ ក្នុងអំឡុងពេលដើរ គាត់បានជាន់លើគម្របលូដែកមួយ ដែលមានសភាពច្រេះ និងពុករលួយ ហើយត្រូវបានគ្របបាំងដោយក្រណាត់ពីលើ បណ្ដាលឲ្យគម្របបាក់ ធ្លាក់ចូលទៅក្នុងអាងជម្រះទឹក បាត់ស្រមោលភ្លាមៗ។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ មានការជូនដំណឹង និងទំនាក់ទំនងទៅសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ ប៉ុន្តែការជួយសង្គ្រោះមិនទាន់ទាន់ពេលវេលា។

រហូតមកដល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធ និងក្រុមគ្រួសារជនរងគ្រោះ កំពុងបន្តប្រតិបត្តិការស្វែងរកយ៉ាងសកម្ម ប៉ុន្តែមិនទាន់រកឃើញជនរងគ្រោះនៅឡើយទេ។

