ប៉ៃលិន៖ ថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ។
ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយ មូលដ្ឋាន ខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងបេសកកម្មការពារបូរណៈភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តប៉ៃលិនហើយបើទោះបីជាសម្តេច មិនបានមកជួបបងប្អូនដោយផ្ទាល់ក្តី ក៍សម្តេចតែងតែនឹករលឹកដល់កងកម្លាំងរបស់ យើងជានិច្ច។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះសភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ មានស្ថានភាពឡើងកម្តៅខ្លាំង នៅចំណុចមុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី រហូតដល់មានការប៉ះទង្គិចគ្នាដោយអាវុធ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ របស់យើងនៅទី នោះ គឺចាំស្តាប់នូវបទបញ្ជា និងគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ហើយបានតាំងចិត្តយ៉ាងម៉ឺងម៉ាត់ និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រយុទ្ធគ្រប់ពេលវេលា បើមានករណីឈ្លានពានណាមួយលើបូរណៈភាពទឹកដីប្រទេសកម្ពុជាយើង។
ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយ ដែលនាយទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូនកងទ័ព និងគ្រួសារកងទ័ពឱ្យរស់រៀនមានជីវិតល្អប្រសើរ ស្របតាមគោលរបបរបស់រាជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានាជាច្រើនទៀត ដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូនកូនក្មួយជំនាន់ក្រោយ ។
សូមបញ្ជាក់ថា៖ ជានិច្ចជាកាល ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ តែងតែចុះសួរសុខទុក្ខ និងឧបត្ថម្ភគាំទ្រដល់កងកម្លាំងជាប្រចាំ ហើយក្នុងឱកាសនេះផងដែរ ក៍បាននាំមកនូវអំណោយដ៏ថ្លៃថ្លារបស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន តាមបណ្តាអង្គភាព ដែលកំពុងឈរជើងការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន រួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអីវ ត្រីងៀត សាច់ក្រក ឆៃប៉ូវ ទឹកសុទ្ធ អង្រឹង តង់ ខ្សែក្រវ៉ាត់ ពិល ការ៉ុង ចបកាប់ ពីដុងទឹក ពុយទឹក ស័ង្កសី អំពូលសូឡា និងថវិកាមួយចំនួន ព្រមទាំងអណ្តូងទឹកស្អាតចំនួន ០៦អណ្តូងផងដែរ៕