ផ្ទះប្រជាពលរដ្ឋនិងផ្លូវមួយចំនួនក្នុងក្រុងខេមរៈភូមិន្ទ ត្រូវបានជំនន់ទឹកភ្លៀងជន់លិច ខណៈមានភ្លៀងធ្លាក់ជាច្រើនម៉ោង

 

កោះកុង÷ ផ្ទះប្រជាពលរដ្ឋមួយចំនួន និងផ្លូវសាធារណៈមួយចំនួន ត្រូវបានជន់លិចដោយគ្រោះធម្មជាតិ ខណៈមានភ្លៀងបង្អោរធ្លាក់យ៉ាងខ្លាំងជាច្រើនម៉ោង បន្ទាប់ពីរមានភ្លៀងធ្លាក់បន្តបន្ទាប់ប៉ុន្មានថ្ងៃជាប់ៗគ្នា ដោយមានលាយឡំខ្យល់កន្ត្រាក់បាក់បោកម្ដងៗយ៉ាងខ្លាំងបង្កឲ្យទូកនាសាទតូចធំភិតភ័យត្រឡប់ចូលចតយ៉ាងស្ងៀមស្ងាត់នៅតាមកំពង់ផែរៀងៗខ្លួន ដោយតំណក់ទឹកភ្លៀងនៅបង្អោរធ្លាក់ម្ដងតិចម្ដងខ្លាំង  រហូតមកដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ នេះ អាកាសធាតុប្រែប្រួលដំណក់ទឹកភ្លៀងបង្អោរធ្លាក់យ៉ាងខ្លាំងជាច្រើនម៉ោង បង្កឲ្យមានជំនន់លិចលង់ផ្លូវជាច្រើនខ្សែរ និងផ្ទះប្រជាពលរដ្ឋជាច្រើនកន្លែង ស្ថិតក្នុងខេមរៈភូមិន្ទ រួមមាន÷ សង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង។

លោកកាយ ក្រុង ចៅសង្កាត់ស្ទឹងវែង បានឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៥ នេះថា ក្នុងសង្កាត់របស់លោក ប៉ុន្មានថ្ងៃមុននេះ មានផ្ទះប្រជាពលរដ្ឋបានខូចខាតដំបូលបន្តិចបន្តួចដោយសារគ្រោះធម្មជាតិ មានភ្លៀងលាយឡំខ្យល់កន្ត្រាក់បោះបោកមកប៉ះផ្ទះរបស់ពួកគាត់ ហើយនៅថ្ងៃនេះដែរ មានភ្លៀងធ្លាក់ខ្លាំង ជំនន់ទឹកភ្លៀងក៏បានឡើងលិចផ្លូវ និងផ្ទះប្រជាពលរដ្ឋមួយចំនួន តែមិនមានប៉ះពាល់អ្វីឲ្យធ្ងន់ធ្ងរនោះដែរ។

ដោយឡែកសង្កាត់ដងទង់ លោកលឹម ឌីចៅសង្កាត់ បានឲ្យដឹងដែរថា ក្នុងសង្កាត់របស់លោក ប៉ុន្មានថ្ងៃនេះ ផ្ទះប្រជាពលរដ្ឋរបស់លោក មិនមានការប៉ះពាល់ដោយ សារខ្យល់បោះបោកនោះទេ ប៉ុន្តែថ្ងៃនេះដោយមានភ្លៀងធ្លាក់ខ្លាំង ជំនន់ទឹកក៏បានឡើងលិចផ្លូវគួរសម ពី ៣-៤ ទៅ៥តឹក នៅចំណុចខាងកើតផ្សារ និងខាងត្បូងផ្សារ និងលិចចូលផ្ទះប្រជាពលរដ្ឋបន្តិចបន្តួច តែមិនមានប៉ះពាល់អ្វីឲ្យធ្ងន់ធ្ងរនោះទេ។

ដោយឡែក លោកស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់មានជ័យ បានឱ្យដឹងថា ក្នុងសង្កាត់របស់លោកស្រី មានទឹកជំនន់ទឹកភ្លៀងលិចផ្លូវនិងផ្ទះប្រជាពលរដ្ឋបន្តិចបន្តួច ដោយសារថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង ហើយចំពោះការខូចខាតប៉ះពាល់ផ្ទះប្រជាពលរដ្ឋណាមួយដោយសារខ្យល់កន្ត្រាក់នោះលោកស្រីនៅមិនទាន់ទទួលបានទូលេខនៅឡើយ។

សូមបញ្ជាក់ថា មូលហេតុដែលទឹកជំនន់លិចគ្រប់កន្លែងក្នុងក្រុងខេមរៈភូមិន្ទ ដោយប្រព័ន្ធបង្ហូរទឹកដោយកន្លែងខ្លះតូច ធ្វើឲ្យទឹកឡើង និងកន្លែងខ្លះមានការចាក់ដីលុបដៃអូរ និងចំណីអូរធម្មជាតិដែលបង្កពីធំមកតូច ខណៈតំណក់ភ្លៀងបានធ្លាក់យ៉ាងខ្លាំងផងនោះ ធ្វើឲ្យជំនន់ទឹកភ្លៀងកកស្ទះនាំទឹកទៅតាមប្រព័ន្ធបង្ហូរទឹកមិនទាន់ បង្កឲ្យចាល់ទឹកឡើង ហូរពាសពេញកាត់ផ្លូវនិងលិចផ្លូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here