ខេត្តកណ្តាល៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងយុទ្ធសាស្ត្រមនុស្សធម៌ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

កិច្ចប្រជុំនេះ បានរៀបចំនៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានសាខា តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត គណៈកម្មាធិការអនុសាខាក្រុង–ស្រុកទាំង១៣ ព្រមទាំងមន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្តជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានថ្លែងវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសមិទ្ធផលការងារដែលសាខា និងអនុសាខាក្រុង–ស្រុកទាំង១៣ សម្រេចបានក្នុងឆ្នាំ២០២៥ កន្លងមក ជាពិសេសការឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ ការជួយដល់គ្រួសារងាយរងគ្រោះ និងការអនុវត្តសកម្មភាពមនុស្សធម៌នៅគ្រប់មូលដ្ឋាន ដោយមានការចូលរួមយ៉ាងសកម្មពីមន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម។
ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សប្បុរសជន និងដៃគូពាក់ព័ន្ធគ្រប់មជ្ឈដ្ឋាន ដែលបានឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខា ជួយឲ្យការងារមនុស្សធម៌អាចពង្រីកវិសាលភាព និងឈានដល់ប្រជាពលរដ្ឋកាន់តែទូលំទូលាយ។

សម្រាប់ទិសដៅឆ្នាំ២០២៦ ឯកឧត្តមបានណែនាំឲ្យ សាខា និងអនុសាខាក្រុង–ស្រុក បន្តពង្រឹងសមត្ថភាពម្ចាស់ការ ក្នុងការត្រៀមបង្ការ ឆ្លើយតប និងកសាងភាពធន់មាំនៅសហគមន៍ ព្រមទាំងលើកកម្ពស់ការគ្រប់គ្រងមូលនិធិ ការគ្រប់គ្រងចំណូល–ចំណាយ និងការទូទាត់ឲ្យមានតម្លាភាព និងគណនេយ្យភាពខ្ពស់ ស្របតាមគោលការណ៍របស់កាកបាទក្រហមកម្ពុជា។
ទន្ទឹមនោះ ឯកឧត្តមក៏បានជំរុញឲ្យបន្តផ្តល់សេវាកម្មមនុស្សធម៌ឲ្យមានប្រសិទ្ធភាពខ្ពស់ ជួយដល់អ្នកងាយរងគ្រោះឲ្យបានទាន់ពេលវេលា ព្រមទាំងពង្រឹងការបណ្តុះបណ្តាល យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាកម្លាំងស្នូលសម្រាប់អនុវត្តវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា និងបន្តផ្សព្វផ្សាយអប់រំអំពីអនាម័យ សុវត្ថិភាពសាធារណៈ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យជាតិធំៗ។

ជាចុងក្រោយ ឯកឧត្តមបានអំពាវនាវឲ្យបន្ត កៀរគរធនធាន និងមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីទ្រទ្រង់ និងពង្រីកសកម្មភាពមនុស្សធម៌របស់សាខា ឲ្យកាន់តែមានប្រសិទ្ធភាព និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាព និងភាពរឹងមាំរបស់សហគមន៍ក្នុងខេត្តកណ្តាលឲ្យកាន់តែប្រសើរឡើង៕

