កោះកុង÷ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៦ ភ្ញៀវទេសចរចូលមកទស្សនាកំសាន្ត សង្ក្រាន្តឆ្នាំថ្មី និងស្នាក់នៅ តាមតំបន់រមណីយដ្ឋាននានា ក្នុងទឹកដីនៃខេត្តកោះកុង មានការថយចុះ ប្រមាណជា ៤៦% ។

យោងតាម លោក គុណ ភក្តី ប្រធានការិយាល័យព័ត៌មានទេសចរណ៍ និងផ្សព្វផ្សាយទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៦ ចំនួនភ្ញៀវទេសចរជាតិ-បរទេស មកស្នាក់នៅ និងកម្សាន្តតាមតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្ត ចំនួនសរុប ២៦,៥២០ នាក់ ថយចុះ ២២,៧៤៩ នាក់ ស្មើនឹង ៤៦% ។

ក្នុងនោះភ្ញៀវជាតិមានចំនួន ២៥,៣៨៨ នាក់ ថយចុះ ២១,៤៥៨ នាក់ ស្មើនឹង ៤៥% ធៀបឆ្នាំ២០២៥។
រីឯភ្ញៀវបរទេសមានចំនួន ១,១៣២ នាក់ ថយចុះ ១,២៩១ នាក់ ស្មើនឹង ៥៣% ធៀបឆ្នាំ២០២៥។

លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងថាមូលហេតុនៃការថយចុះភ្ញៀវទេសចរទី១- បញ្ហាព្រំដែនមិនទាន់មានស្ថេរភាពល្អប្រសើរ។
ទី២- តម្លៃប្រេងឥន្ធនៈមានការកើនឡើង។
ជាមួយគ្នានោះលោកប្រធានមន្ទីរទេសចរណ៍សង្ឃឹមថា នៅពេលព្រំដែនមានស្ថានភាពល្អប្រសើរ និងតម្លៃប្រេងឥន្ធនៈមានការចុះថ្លៃឡើងវិញ
ភ្ញៀវទេសចរណ៍និងប្រាកដនិងមកកំសាន្តនៅខេត្តកោះកុង យ៉ាងកុះករមិនខាន ពីព្រោះខេត្តកោះកុងមានតំបន់ទេសចរណ៍ជាច្រើនសម្រាប់ភ្ញៀវទេសចរណ៍មកទស្សនាកំសាន្ត។
លោកប្រធានមន្ទីរទៅយកខេត្តកោះកុងបានឲ្យដឹងគេថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រយៈពេល ៣ ថ្ងៃប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលបានចូលរួមលេងកំសាន្ត នៅតាមបណ្ដាក្រុងស្រុកមានចំនួនប្រមាណ ១៥៤,០០០ នាក់។

គូររំលឹកផងដែលថា អំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រដ្ឋបាលខេត្តកោះកុងបានរៀបចំតុបតែកែលម្អនៅតាមដងផ្លូវគួរឱ្យទាក់ទាញ ក្នុងនោះក៏មានរៀបស្តង់ជាច្រើនតាំងដាក់លក់ផលិតផលធម្មជាតិស្នាដៃកូនខ្មែរ និងមានដាក់ចែកជូននៅខ្យងចំពុះទាចំនួន ៣ តោន ជាខ្យងធម្មជាតិ រយៈពេលបីថ្ងៃសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ចូលមកភ្លក់ហូបកំសាន្ត នឹងមានរៀបចំល្បែងប្រជាប្រិយជាច្រើនមុខផងដែរ៕

