ក្រុងព្រះសីហនុ៖ ហេតុការណ៍ធ្លាក់ពីលើអាគារការដ្ឋានសំណង់ជាន់ខ្ពស់មួយកន្លែង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ង.ន់ធ្ងរ មុននឹងស្លា.ប់ បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យដែលហេតុការណ៍នេះគឺបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១១:០០ ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះបានធ្លាក់ពីកម្ពស់ខ្ពស់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្មករនៅក្បែរទីតាំង ខណៈការដ្ឋាននោះកំពុងដំណើរការសាងសង់ជាធម្មតា។
ប្រភពបន្ថែមពីសមត្ថកិច្ច បានឱ្យព័ត៌មានដល់ DSN News ឲ្យដឹងនៅរសៀលថ្ងៃខែខាងលើថា ជនរងគ្រោះមានឈ្មោះ LIU SHUA ភេទប្រុស ឆ្នាំកំណើត ១៩៩៧ ជនជាតិចិន មុខរបរធ្វើការផ្ទាល់ខ្លួន (Self-employed) កាន់ប័ណ្ណការងារ លេខ SCHNEK 7882096 ដែលមានសុពលភាពដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

តាមការពិពណ៌នាភិនភាគ ជនរងគ្រោះមានកម្ពស់ប្រហែល ១.៧០ ម៉ែត្រ សម្បុរស សក់ខ្លី មានស្នាមសាក់រូបនាគនៅដៃខាងឆ្វេង ពាក់អាវយឺតពណ៌សដៃខ្លី និងខោខូវប៊យពណ៌ខៀវត្រឹមជង្គង់។ ក្រោយកើតហេតុ ត្រូវបានរកឃើញថា មានរបួសនៅភ្នែកខាងឆ្វេង និងបាក់កន្លាក់ប្រអប់ជើងខាងឆ្វេង។
យោងតាមទិន្នន័យពីកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះបានឡើងតាមឧបករណ៍ស្ទួចសម្ភារៈសំណង់ដែលភ្ជាប់ជញ្ជាំងអគារ ទៅដល់ជាន់ទី៤ ហើយអង្គុយមួយរយៈ មុនពេលសំយ៉ុងខ្លួនធ្លាក់ចុះមកក្រោម បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្តែអកុសល បានបាត់បង់ជីវិតក្រោយពេលដល់មន្ទីរពេទ្យ។
យ៉ាងណាមិញ ករណីនេះមិនមែនជាលើកដំបូងនៃហេតុការណ៍គ្រោះថ្នាក់ក្នុងការដ្ឋានសំណង់នោះទេ។ ប្រភពជិតស្និទ្ធបានលើកឡើងថា នៅតែមានការខ្វះខាតវិធានការសុវត្ថិភាពមួយចំនួន ដូចជា ការប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន និងការត្រួតពិនិត្យការងារយ៉ាងតឹងរឹង។

ពាក់ព័ន្ធករណីខាងលើនេះ 👉តើការគ្រប់គ្រងពីភាគីពាក់ព័ន្ធ និងការអនុវត្តច្បាប់សុវត្ថិភាពការងារ បានអនុវត្តមានប្រសិទ្ធភាពដែរឬទេ ខណៈដែលវិស័យសំណង់កំពុងរីកចម្រើនយ៉ាងលឿន?
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីបញ្ជាក់ពីមូលហេតុពិត និងពិនិត្យលើភាពសមរម្យនៃវិធានការសុវត្ថិភាពនៅការដ្ឋានខាងលើ។

