ប្រធានផ្សារដងទង់រិតបន្តឹងទៅលើអាជីវករដែលដាក់លក់អាណាធិបតេយ្យ នៅលើផ្លូវសាធារណៈ ដើម្បីសុភ័ណភាពផ្សារ

 

កោះកុង÷ លោក ចាន់ អម្រិត ប្រធានផ្សារដងទង់ បានចុះអនុវត្តទៅលើអាជីវករដែលដាក់លក់អាណាធិបតេយ្យ នៅលើផ្លូវសាធារណៈ បន្ទាប់ពីមានការផ្សព្វផ្សាយណែនាំចំនួនបីលើករួចមកហើយ ដោយឱ្យអាជីវករទាំងនោះចូលទៅដាក់លក់នៅទីតាំងដែលមានស្រាប់ ដែលក្រុមហ៊ុនវិនិយោគផ្សារបានរៀបចំចែកជូន។ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ លោក ចាន់ អម្រិត ប្រធានផ្សារដងទង់ថ្មី បានអនុវត្តតាមការស្នើសុំក្នុងកិច្ចប្រជុំ នៅក្រុងខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ ដើម្បីឱ្យបរិវេណជុំវិញផ្សារដងទង់មានសោភ័ណភាពល្អ និងមិនមានការកក់ស្ទះចរាចរណ៍។

ការរៀបចំនេះ បានអនុវត្តទៅលើអាជីវករណាដែលមិនស្ដាប់តាមការណែនាំរបស់ក្រុមហ៊ុនវិនិយោគផ្សារ និងអាជ្ញាធរពាក់ព័ន្ធ ដែលតាំងដាក់លក់បន្លែត្រីសាច់នៅលើផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ បង្កឲ្យកក់ស្ទះចរាចរណ៍ និងសណ្ដាប់ធ្នាប់សារធារណៈ ពិសេសបាត់បង់នៅមសុភ័ណ្ឌភាពផ្សារ។

បន្ទាប់ពីអ្នកវិនិយោគផ្សារ បានអនុវត្តយ៉ាងតឹងរឹង ក៏មានផ្ទុះការតវ៉ាពីអាជីវករមួយក្រុម ដែលដាក់លក់នៅលើផ្លូវសាធារណៈទាំងនោះ មកតវ៉ា ដោយស្នើសុំឱ្យប្រធានផ្សាររៀបចំឱ្យស្មើភាពគ្នា រវាងអាជីវករនៅលក់ចិញ្ចើមផ្លូវម្ខាងទៀតជួរមុខពាណិច្ចាស់ ឲ្យចូលមកដាក់លក់ក្នុងផ្សារទាំងអស់ដូចគ្នា ទើបពួកគាត់យល់ព្រម បើមិនដូច្នេះទេ ពួកគាត់និងមកលក់នៅលើទីតាំងនោះដដែល។

ជុំវិញការលើកឡើងរបស់អាជីវករទាំងនោះ លោក ចាន់ អម្រិត ប្រធានផ្សារដងទង់ បានបញ្ជាក់យ៉ាងច្បាស់ដល់អាជីវករទាំងអស់ ដើម្បីឲ្យពួកគាត់បានយល់ពីកិច្ចការងាររបស់អ្នកវិនិយោគផ្សារ ។ 

លោកបានបន្ថែមថា លោកមានសិទ្ធិរៀបចំត្រឹមតែជុំវិញខាងបរិវេណផ្សារ តែប៉ុណ្ណោះ ដោយឡែកអាជីវករតាំងដាក់លក់នៅលើផ្លូវម្ខាងទៀត លោកមិនមានសិទ្ធិនោះទេ នេះជាការងាររបស់អាជ្ញាធរ។ តែបើបងប្អូនចង់ដាក់លក់នៅទីតាំងលើផ្លូវនោះ សូមបងប្អូនទៅស្នើសុំអាជ្ញាធរជាមុនសិន តើអាជ្ញាធរអនុញ្ញាតឬមិនរើសមិនអនុញ្ញាត។ ចំពោះរូបខ្ញុំមិនព្រមឱ្យបងប្អូនដាក់លក់នៅលើដងផ្លូវខាងផ្សារគ្រប់គ្រងទេ ត្រូវតែរៀបចំជានិច្ច ដោយមិនឱ្យមានដាក់លក់ភាពរញ៉េរញ៉ៃនៅលើផ្លូវសាធារណៈជាដាច់ ខាត ពីព្រោះថា បងប្អូនអាជីវករទាំងអស់ដែលមកនេះ សុទ្ធតែមានទីតាំងស្រាប់សម្រាប់ដាក់លក់ហើយ តែបងប្អូនមិនចូលមកដាក់លក់។

ជាមួយគ្នានេះ លោកប្រធានផ្សារដងទង់ ក៏បានអំពាវនាវ និងអង្វរសុំដល់អាជីវករទាំងអស់ ចូលមកដាក់លក់តូបដែលមានស្រាប់នៅខាងក្នុងទាំងអស់គ្នា ដើម្បីឲ្យផ្សារដងទង់មានសុភ័ណ្ឌភាពល្អ និងមិនមានការកក់ស្ទះ ក្នុងការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋទូទៅ។

លោកប្រធានផ្សារដងទង់បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការរៀបចំនេះជាលើកទីមួយ នៅបរិវេណលើដងផ្លូវខាងលិចផ្សារ លើកទី ២ លោកនឹងបន្តធ្វើនៅខាងជើងផ្សារម្ដង ដើម្បីឲ្យជុំវិញបរិវេណផ្សារដងទង់មានភាពល្អប្រសើរ និងមិនមានការកក់ស្ទះ ក្នុងការធ្វើចរាចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here